ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានបេសកកម្មថ្មីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបឯកឧត្តម Kensuke NAGASE អនុប្រធានបេសកកម្មថ្មី និងសហការីនៃស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនានាដែលជាផលប្រយោជន៍រួម។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអបអរសារទរចំពោះការចូលបំពេញការងារការទូតរបស់ឯកឧត្តម Kensuke NAGASE ជាអនុប្រធានបេសកកម្មថ្មី និងបានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹកទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលកាន់តែជិតស្និទ្ធ និងល្អប្រសើរ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីត្រូវបានលើកកម្ពស់ដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣។ បន្ថែមពីនេះ ឯកឧត្តមបានជម្រាបជូនអនុប្រធានបេសកកម្មអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ជប៉ុន ដើមនីតិកាលទី៥នេះ សំដៅជំរុញបន្ថែមកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ក៏បានរម្លឹកឡើងវិញនូវលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជប៉ុន នៅកម្ពុជាក្នុងពេលកន្លងទៅថ្មីៗនេះ និងការជួបសម្តែងការគួរសមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ជាពិសេសទស្សនកិច្ចរបស់ឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅកម្ពុជា ស្របពេលដែលកម្ពុជាទាំងមូលកំពុងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអំពីការវិវឌ្ឍថ្មីៗនៅកម្ពុជា និងបានពន្យល់អំពីសកម្មភាពក្រុមជនអគតិ ដែលបានធ្វើសកម្មភាពញុះញង់ អុជអាល ផ្សព្វផ្សាយព័ត៌មានមិនពិត បំបែកបំបាក់សង្គមជាតិ និងការប៉ុនប៉ងបំផ្លិចបំផ្លាញសាមគ្គីភាព ឯកភាពជាតិ ស្ថិរភាព ការអភិវឌ្ឍ និងសន្តិភាពដែលកម្ពុជាដណ្តើមបានដោយលំបាក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតវាងវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែនស្ថាបនិកសន្តិភាពដ៏ឆ្នើមគ្មានពីរ ដើម្បីវឌ្ឍនភាពសង្គម និងភាពសម្បូររុងរឿងរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់បន្ថែមអំពីគោលដៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺដើម្បីបង្កើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់សេដ្ឋកិច្ច សម្រាប់ខេត្តទាំង៤ នៅតាមព្រំដែនរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការ CLV-DTA នេះមិនត្រឹមតែបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រែក្លាយតំបន់ព្រំដែនដាច់ស្រយាលឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម Kensuke NAGASE សន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាប្រយោជន៍នៃប្រទេស និងប្រជាជនយើងទាំងពីរ៕
អត្ថបទ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន